តាមប្រពៃណីជំនឿរបស់ខ្មែពីបុរាណ គុណឪពុកមាន២១ គុណម្ដាយចំនួន១២ សរុបទាំងអស់គឺមាន៣៣គុណជាធាតុដែលមាននៅក្នុងខ្លួនមនុស្សយើង។ ចំពោះគុណឪពុកដែលមាន២១នេះ គឺតំណាងឱ្យគុណធាតុរឹងៗ ដូចជាលលាក្បាល សក់ ឆ្អឹងដៃ ឆ្អឹងជើង ធ្មេញ សួត ថ្លើម ប្រមាត់ជាដើម។ ចំណែកឯម្ដាយដែលមានគុណ១២នេះ គឺតំណាងឱ្យធាតុដែលទន់ៗ ដូចជាទឹកមាត់ ស្លេស្ម លោហិត ខ្ទុះ ញើសជាដើម។ ប៉ុន្ដែបើតាមទស្សនៈរបស់ព្រះពុទ្ធវិញ លោកឱ្យតម្លៃទៅលើគុណមាតាបិតាស្មើគ្នា ដោយគុណនេះមិនអាចរាប់បានឡើយ ហើយផ្អែកទៅលើគុណធម៌៤យ៉ាងដែលរួមមាន ៖
- អន្ដគុណ ៖ គុណក្រៃលែង
- អប្បរិមាណគុណ ៖ គុណរាប់មិនអស់ រាប់មិនបាន
- អសមគុណ ៖ គុណដែលគ្មានអ្វីដែលស្មើបាន
- អនេកប្បគុណ ៖ គុណដែលខ្ពង់ខ្ពស់ដ៏វិសេសវិសាលក្រៃលែង។
តួនាទីមាតាបិតាចំពោះបុត្រាបុត្រី
កូនគឺជាផលិតផលអនុស្សាវរីយ៍តែមួយគត់ដែលបង្កើតឡើងដោយរួមកាយ
រួមចិត្ដរបស់មាតាបិតា ដែលអាចនិយាយបានថា“ជីវិតពីររួមគ្នាតែមួយ”។
មាតាបិតាព្រោះតែសម្លឹងឃើញនូវសារសំខាន់បីយ៉ាងទើបសុខចិត្ដទ្រាំទ្រនូវ
ការលំបាកទាំងពួង ដើម្បីការលូតលាស់របស់បុត្រ
ដែលរួមមានអាចក្លាយជាអ្នកបន្ដពូជមនុស្សជាតិ ជាអ្នកបន្ដវង្សត្រកូល
និងជាចំណងសម្រាប់មិនឱ្យមាតាបិតា បែកបាក់គ្នាជាដើម។
នៅពេលដែលបង្កើតបុត្រាបុត្រីបានមកហើយ
មាតាបិតាត្រូវទទួលខុសត្រូវ៥យ៉ាងចំពោះជោគវាសនាអនាគត
របស់បុត្រាបុត្រីផងដែរ។
1 . ហាមប្រាមបុត្រកុំឱ្យប្រព្រឹត្ដអំពើអាក្រក់ ៖
មាតាបិតាបើមិនចង់ឱ្យពិបាកខ្លួនទៅថ្ងៃក្រោយ ត្រូវហាមប្រាម ពន្យល់ ដឹក
នាំ និងលើកទឹកចិត្ដកូនកុំឱ្យប្រព្រឹត្ដអំពើអាក្រក់។
អំពើអាក្រក់ឬបាប ពុំដែលឱ្យបុគ្គលណាទទួលបានសេចត្ដីសុខនោះទេ។
ជាពិសេស មិនត្រូវបណ្ដោយឱ្យបុត្រាបុត្រីប្រព្រឹត្ដអំពើអបាយមុខនោះទេ
ដែលអំពើទាំងនេះមានស្រី ស្រា ល្បែងជាដើម។
2 . ដឹកនាំបុត្រឱ្យប្រព្រឹត្ដអំពើល្អ ៖ មាតាបិតាត្រូវដឹកនាំបុត្រឱ្យសាងតែអំពើល្អជានិច្ច។ អំពើល្អដែលមាតាបិតាគប្បីដឹកនាំ ឱ្យបុត្រប្រព្រឹត្ដនោះមាន ៖
- លះបង់ការកាប់សម្លាប់ឬអំពើឃោរឃៅ ត្រូវមានចិត្ដមេត្ដា ករុណា ជួយសង្គ្រោះគ្នាទៅវិញទៅមក
- លះបង់ការបៀតបៀនទ្រព្យសម្បត្ដិ ត្រូវគោរពកម្មសិទ្ធទ្រព្យសម្បត្ដិរបស់អ្នកដទៃ
- លះបង់ការប្រព្រឹត្ដខុសក្នុងកាម ដូចជាលួចប្រពន្ធប្ដីគេជាដើម និងមិនល្មើសលើប្រពៃណីខាងភេទឡើយ
- លះបង់ការនិយាយកុហក ភូតភរ បញ្ឆោត ត្រូវនិយាយតែពាក្យសច្ចៈពាក្យពិត ពាក្យត្រង់
- លះបង់ការស៊កសៀត បញ្ឈឺ ដែលធ្វើឱ្យគេបែកបាក់គ្នា ត្រូវជួយនិយាយឱ្យគេមានការស្មោះស្ម័គ្រសាមគ្គីគ្នា
- លះបង់ការនិយាយពាក្យអាក្រក់ ពាក្យថោកទាប ត្រូវនិយាយតែពាក្យផ្អែមល្ហែម
- លះបង់ការនិយាយពាក្យផ្ដេសផ្ដាស គ្មានប្រយោជន៍
- មិនរំពឹងសម្លឹងចង់បានទ្រព្យសម្បត្ដិអ្នកដទៃ
- មិនត្រូវមានចិត្ដឃោរឃៅ បៀតបៀនអ្នកដទៃនាំឱ្យគេមានទុក្ខ
- មានការយល់ដឹងត្រឹមត្រូវ មានសម្មាទិដ្ឋិល្អ សាងតែអំពើល្អ មិនសាងអំពើរអាក្រក់ជាដើម។
3 . ឱ្យបុត្រសិក្សារៀនសូត្រ ៖
វិជ្ជាគឺជាទ្រព្យដ៏ប្រសើរបំផុតសម្រាប់មនុស្សគ្រប់រូប
គ្មានទ្រព្យអ្វីច្រើនជាងទ្រព្យវិជ្ជានោះ ទេ។
មាតាបិតាគ្រប់រូបត្រូវជំរុញឱ្យបុត្រាបុត្រីសិក្សារៀនសូត្រ
ឱ្យបានច្រើនទើបជាការប្រសើរ។
បើសិនជាមាតាបិតាមិនឱ្យបុត្រសិក្សារៀនសូត្រ
អាចមានឈ្មោះថាជាសត្រូវរបស់បុត្រ
ព្រោះលោកអ្នកមិនមានអ្វីចែកឱ្យបុត្រល្អជាងចំណេះវិជ្ជានោះទេ
ត្រូវឧស្សាហ៍រំលឹក ដាស់តឿនបុទ្រឱ្យខំរៀនសូត្រ
ទើបអាចឈានទៅរកអនាគតបានយ៉ាងប្រពៃ។
4 . រៀបចំទុកដាក់បុត្រឱ្យមានគូស្រករ ៖
ជារឿងធម្មជាតិរបស់មនុស្សលោកទៅហើយ
ដែលថ្ងៃណាមួយបុត្ររបស់លោកអ្នកត្រូវបែកចេញពីលោកអ្នកដើម្បីទៅរួម
រស់ជាមួយនឹងស្នេហារបស់ពួកគេ គ្មានអ្នកណាម្នាក់អាចបង្ខំ
ឬរារាំងនូវតណ្ហារបស់សត្វលោកបានឡើយ។
ក្នុងនាមជាមាតាបិតាគ្រាន់តែជាអ្នកឱ្យយោបល់
បង្ហាញហេតុផលឱ្យបុត្រប៉ុណ្ណោះ ឯគំនិត “នំមិនធំជានាឡិ” គួរតែ
ឈប់ប្រើហើយ។ ព្រោះអ្នកដែលទទួលសុខទុក្ខពិតប្រាកដនោះ
គឺបុត្ររបស់លោកអ្នក ដូចនេះការសម្រេចចិត្ដគួរតែទុកឱ្យបុត្រាបុត្រី
ជាអ្នកសម្រេចដោយខ្លួនឯងទើបជាការប្រសើរ។
5 . ចែកទ្រព្យសម្បត្ដិឱ្យបុត្រ ៖
ថ្វីត្បិតតែទ្រព្យសម្បត្ដិជារបស់ក្រៅខ្លួនក៏ពិតមែន
ប៉ុន្ដែទ្រព្យទាំងនេះក៏ជាមធ្យោបាយអាច
ឱ្យពួកគេប្រកបរបររកស៊ីសម្រាប់ចិញ្ចឹមជីវិតបានទៅថ្ងៃអនាគតដែរ
ទោះតិចក្ដីច្រើនក្ដីក៏ត្រូវចែកឱ្យស្មើៗគ្នាដើម្បីជាចំណងដៃ បន្ទាប់
ពីចំណេះវិជ្ជាផងដែល។
មាតាបិតាដែលបានបំពេញតួនាទីនេះបានសម្រេច
នោះនឹងមានឈ្មោះថាជាអ្នកធ្វើគុណឱ្យដល់បុត្រាបុត្រីគ្រប់គ្រាន់ហើយ
ដែលអាចធ្វើឱ្យបុត្រនឹករលឹកដល់ឧបការគុណនេះមិនដាច់
និងតបស្នងសងគុណដល់លោកអ្នកជាមិនខាន។
តួនាទីបុត្រាបុត្រីចំពោះមាតាបិតា
បុត្រាបុត្រីក៏ត្រូវបំពេញតួនាទីជូនអ្នកមានគុណឱ្យអស់ពីចិត្ដ
ដូចដែលមាតាបិតាបំពេញតួនាទីចំពោះបុត្រដូចគ្នាដែរ។
ការបំពេញតួនាទីនេះក៏មាន៥យ៉ាងដែរដូចជា ៖
1 . ចិញ្ចឹមមាតាបិតា ៖
នៅពេលដែលមាតាបិតាមិនមានកម្លាំងនៅក្នុងការរកប្រាក់កម្រៃបាន
បុត្រាបុត្រីត្រូវតែរកស៊ីចិញ្ចឹម
លោកទាំងពីរឱ្យដូចជាលោកទាំងពីរចិញ្ចឹមបុត្រវិញដែល។
2 . ត្រូវទំនុកបម្រុង ៖
បុត្រាបុត្រីគ្រប់រូបត្រូវតែជួយទំនុកបម្រុងចំពោះមាតាបិតាវិញ
ទាំងចំណីអាហារ សម្លៀកបំពាក់ ថវិកា
និងរបស់របរប្រើប្រាស់ជាច្រើនផ្សេងៗទៀត
ដោយមិនចាំបាច់ឱ្យមាតាបិតាទាមទារនោះទេ
ទោះតិចក្ដីច្រើនក្ដីត្រូវតែមានរហូត មិនត្រូវឱ្យខ្វះឡើយ។
3 . មិនត្រូវធ្វើឱ្យមាតាបិតាស្រក់ទឹកភ្នែក ៖
បុត្រាបុត្រីមិនត្រូវធ្វើឱ្យមាតាបិតាពិបាកចិត្ដ
មានទុក្ខទោសនិងស្រក់ទឹកភ្នែកនោះទេ។
មាតាបិតាគ្រប់រូបរមែងចង់ឃើញបុត្រប្រព្រឹត្ដតែអំពើល្អថ្លៃថ្នូរ
ជានិច្ច។
4 . ត្រូវចេះណែនាំ ៖
មិនមែនឱ្យបុត្រាបុត្រីស្ដីប្រដៅលោកអ្នកមានគុណនោះទេ
គឺត្រូវចេះណែនាំលោកអ្នកមានគុណឱ្យទៅវត្ដសុំសីលទានរៀនធម៌ដើម្បី
ជាផ្លូវទៅកាន់បរលោកខាងមុខ ដែលជាផ្លូវព្រះនិព្វាន។
5 . ធ្វើបុណ្យជាមួយមាតាបិតា ៖ ពាក្យចាស់លោកពោលថា
“ធ្វើបុណ្យឱ្យទាន់ខែភ្លឺ” នេះគឺជាអត្ថន័យមួយដែលរំលឹកចំពោះ
បុត្រគ្រប់រូបឱ្យចេះសង់គុណ គោរព ស្រឡាញ់ ឱ្យតម្លៃ
និងផ្គត់ផ្គង់មាតាបិតាពេលលោកអ្នកមានគុណនៅមានជីវិត។ មិនត្រូវគិតថា
ចាំមាតាបិតាលាចាកឋានចាំធ្វើបុណ្យឱ្យនោះទេ។
ចំណែកឯការធ្វើបុណ្យនៅពេលលោកអ្នកមានគុណលាចាកឋានទៅ
គឺជាពេលក្រោយនោះទេ ប៉ុន្ដែដាច់ខាតក៏មិនត្រូវបោះបង់ចោលនោះដែរ។
បុត្រាបុត្រីណាដែលបានប្រតិបត្ដិចំពោះមាតាបិតាបានល្អបុត្រនោះនឹង
ទទួលបានសេចក្ដីសុខ ទទួលបានពរជ័យពីមាតាបិតា ជាក់ជាមិនខាន។
0 comments: